ចម្លាក់តោថ្ម ឬសិង្ហ ឬរាជសីហ៍ នៅតាមប្រាង្គប្រាសាទ
......
ការបំពាក់ក្បាច់ចម្លាក់នានា ទាំងក្នុងប្រាសាទ ទាំងនៅតាមជញ្ជាំងប្រាសាទ និងនៅខាងមុខប្រាសាទតាមជណ្តើរចុះឡើងនោះ ដូនតាខ្មែរក៏ដូចជាសិល្បករខ្មែរដែរ តែងបានបង្កប់នូវទស្សនៈបង្កើតនូវការតុបតែងលម្អផង និងក៏ជាតំណាងនូវកិត្តិយសដ៏ខ្ពង់ខ្ពស់នៃទីឋានដ៏រុងរឿងទុកដូចជាលំនៅដ្ឋាននៃព្រះអាទិទេពពិតប្រាកដ។
ទាំងចម្លាក់នាគនិងសត្វតោ ឬសិង្ហនោះគេមិនដែលដាក់តាំងតាមប្រាសាទនោះទេ គឺគេដាក់ ឬតម្កល់ខាងមុខទ្វារចូលប្រាសាទនិងនៅតាមជណ្តើរនៃប្រាង្គប្រាសាទតែម្តងដែលជាទីវាល។ ចំណុចនេះគេតែងយល់ថា ជាតំណាងនៃការទទួលស្វាគមន៍ភ្ញៀវដែលបានអញ្ជើញទៅទស្សនាប្រាង្គប្រាសាទក៏ថាបាន។ម្យ៉ាងទៀតក៏ចាត់ទុកជាតំណាងនៃអ្នកការពារវិមានរបស់អាទិទេព ក៏មិនខុសដែរ។
រូបរាងរបស់តោដែលត្រូវគេឆ្លាក់លម្អគឺមានការប្រែប្រួលពីរចនាបទមួយ ទៅរចនាបទមួយទៀត ទៅតាមសម័យកាលផ្សេងៗគ្នា និងទៅតាមឥទ្ធិពលសិល្បៈពីតំបន់ផ្សេងៗមកលើសិល្បៈខ្មែរ។