ចំការមីន នៅកម្ពុជា

ចំការមីន នៅកម្ពុជា
....
យោងតាមទិន្នន័យរបស់ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់រយៈពេល ៦ ខែដើម ឆ្នាំ២០១៥នេះ មានជនរងគ្រោះ នៅទូទាំងប្រទេស សរុប ៦៤.៥៣៤ នាក់ ក្នុងនោះគ្រោះថ្នាក់ ដោយសារគ្រាប់មីន ចំនួន ៥០.៩៨៦ នាក់ គ្រាប់សំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម ចំនួន ១៣.៥៤៨ នាក់ និងមានអ្នកស្លាប់ សរុបចំនួន ១៩.៧១៦ នាក់ របួសចំនួន ៣៥.៨៤៧ នាក់ អ្នក ពិការចំនួន ៨៩៧១ នាក់។

មន្ដ្រីជំនាញផ្នែកគ្រប់គ្រង ទិន្នន័យជនរងគ្រោះ នៃអាជ្ញាធរមីនកម្ពុជា បានបង្ហាញឱ្យដឹងថា គិតត្រឹមរយៈពេល ៦ ខែដើមឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋ សរុបចំនួន ៦៦ នាក់ បានស្លាប់ និងជនរងរបួស ដោយសារតែគ្រាប់មីន ដែលចំនួននេះ មានការថយចុះ ប្រហែល ៣៥ ភាគរយ បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៤។ ក្នុងចំណោម ជនរងគ្រោះ ៦៦ នាក់ គឺមានជនរងគ្រោះ ដោយសារមីន ចំនួន ១៨ នាក់ សំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម ចំនួន ៤៨ នាក់ ក្នុងនោះមានអ្នកស្លាប់ ចំនួន ១១ នាក់ អ្នករបួស ៤៣ នាក់ និងអ្នកពិការចំនួន ១២ នាក់។
មូលហេតុចម្បង ដែលបង្កឱ្យមានគ្រោះថ្នាក់ ដល់ស្លាប់ និងរងរបួសដោយសារគ្រាប់មីននោះ គឺបណ្ដាលមកពីប្រជាពលរដ្ឋ បានយកគ្រាប់ មកធ្វើការកែច្នៃ និងធ្វើសកម្មភាព ឈូសឆាយដី សម្រាប់សាងសង់លំនៅឋាន ការធ្វើកសិកម្ម ព្រមទាំងការចូលព្រៃ រកទទួលទានអាហារ ជាដើម ។
ខេត្ដដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បង្កគ្រោះថ្នាក់ឱ្យរងរបួស ពិការ និងស្លាប់ច្រើនជាងគេ រួមមាន ខេត្ដបាត់ដំបង ព្រះវិហារ ប៉ៃលិន កំពង់ធំ សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ចាម ក្រចេះ កោះកុង កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និងខេត្ដកណ្ដាល។
កម្ពុជាគឺជាប្រទេសមួយ ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ច្រើនជាងគេ នៅលើពិភពលោក ដែលតាមការប៉ាន់ស្មាន គឺមានចំនួនគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជា ៤ ទៅ ៦ លានគ្រាប់ ដែលបានកប់នៅក្រោមដី និងគ្រាប់សំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម បង្កឡើងដោយសារតែជម្លោះផ្ទៃក្នុង បានបន្សល់ទុក រយៈពេលជាងបីទសវត្សរ៍ កន្លងមកនេះ៕
ប្រភព www.cen.com.kh