ចតុមុខមង្គល

ចតុមុខមង្គល គឺជាឈ្មោះនៃព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ ដែលព្រះមហាក្សត្រគង់ប្រថាប់នាពេលបច្ចុប្បន្ន
....

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដមនិងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មានទន្លេមេគង្គលើទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំងសាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ប្រវត្តិនៃព្រះបរមរាជវាំងនេះមានដូចតទៅ៖
ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង៤២១ម៉ែត ខាងលិចប្រវែង ៤៣៥ម៉ែត ខាងជើងប្រវែង ៤៨៤ម៉ែត និងខាងត្បូងប្រវែង ៤៣២ម៉ែត។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើងនៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។
នៅប្រាសាទបាយ័នទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញ ស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះត្រូវបានគេអនុញ្ញាតិអោយប្រើតែពេលណាមានព្រះមហាក្សត្រចូលទីវង្គតដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។
សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហារទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់។
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូលហើយរាល់សំណង់ប្រាសាទនៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអដោយពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា ក្នុងរួមមាន៖
1.ប្រាសាទទេវាវិនិច្ឆ័យ សាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣-១៩១៧ ហើយធ្វើពិធីសម្ពោធនៅថ្ងៃទី១៦ មិថុនា ១៩១៩។ ទំហំប្រាសាទបណ្តោយ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំងសម្រាប់ធ្វើ៖
- ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
- ព្រះរាជពិធីបុណ្យទ្វារទសមាស
- ព្រះរាជសាវនាការថ្វាយការតាំង
- ពិធីសច្ចាប្រណិធាន
- ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។

ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិតហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និងព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្មមុខ៤ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤។
2.ប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យកសាងក្នុងឆ្នាំ ១៩២៧-១៩៣០ ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទនេះ ត្រូវបានព្រះមហាក្សត្រប្រើប្រាស់សំរាប់ទទួលភ្ញៀវកិត្តិយសធំៗ បណ្ដាប្រមុខរដ្ឋបរទេសដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ស្នាក់អាស្រ័យ ដូចជាលោកប្រធានាធិបតីបារាំង សាលដឺហ្គោល ជាដើម។
3. ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ជាព្រះរាជដំណាក់ថ្មីសម្រាប់ព្រះមហា ក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ជាព្រះវររាជមាតារបស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះ ក្រោយពេលដែលព្រះស្វាមីព្រះបាទនរោត្តមសុរាម្រិត បានចូលទិវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ហើយក្រោយមកទៀតត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
4. ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យកសាងឡើងក្នុងឆ្នាំ១៩១៥- ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀមប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ។ នៅជាន់ខាងលើជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយ មុននិងក្រោយពេលព្រះអង្គទ្រង់គង់ និងចុះពីគជេន្ទ្រ នៅពេលត្រលប់ពីបរបាញ់សត្វ។ប្រាសាទនេះបានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមានតម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋនៃបណ្តាប្រទេសជាមិត្តថ្វាយដល់ ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវបានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញ នៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។
5.ប្រាសាទច័ន្ទឆាយា ស្ថិតនៅជាប់កំពែងខាងមុខឈៀងខាងជើងនៃព្រះបរមរាជវាំង កសាងឡើងនាឆ្នាំ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំងដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះគ្មានបន្ទប់ទេ គឺជាធ្លាសម្រាប់រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាពនិងព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាន់ខ្ពស់។បច្ចុប្បន្នប្រាសាទនេះ គឺសំរាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទតការហែក្បួនព្យុហយាត្រានៃថ្ងៃបុណ្យកងទ័ពជាតិ និងជាវេទិកាកិត្តិយសពេលដែលព្រះមហាក្សត្រ ទ្រង់ថ្លែងសុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គនៅពេលមានពិធីបុណ្យសំខាន់ៗផ្សេងៗ។
6.ព្រះទីនាំងភោជនីយ កសាងឡើងនៅឆ្នាំ ១៩១៣- ១៩១៧ សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្មព្រះមហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នានឹងកំណើតព្រះអង្គ គឺមានរយៈពេល១សប្តាហ៍។នៅពេលនេះហើយដែលនាមុឺនសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាមថែវខាងកើត និងខាងត្បូងនៃព្រះទីនាំងភោជនីយ ដែលគេអោយឈ្មោះថាបុណ្យតាំងតុ។
7.វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែក មានលំអដោយរូបនាឡិកា១ដ៏ធំសំរាប់រាជនីជាព្រះជាយារបស់ ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ព្រះនាម ព្រះអធិរាជនីអីហ្ស៊េនី ត្រូវបានបើកសម្ពោធនៅឆ្នាំ ១៨៦៩។ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជាអនុស្សាវរីយ៍ដល់ ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះត្រូវបានរៀបចំដំឡើងឡើងវិញតាមគំរូដើមទាំងអស់ក្នុងឆ្នាំ១៨៧៦។ វិមាននេះត្រូវបានធ្វើការជួសជុលជាថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះត្រូវបានគេរៀបចំដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ និងព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រ។
8.ព្រះវិហារព្រះកែវមរកត មានដំកល់ព្រះពុទ្ឋបដិមា១អង្គធ្វើអំពីត្បូងកែវដ៏មានតំលៃ ដែលមានព៌ណដូចមរកត។ រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោនៅពេលវាយលុកបានក្រុងអង្គរក្នុងឆ្នាំ១៤២០។ ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋ ។
ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើ ដោយព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៩២ រួចសាងសង់ជាថ្មីឡើងវិញអំពីថ្ម ដោយព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។ វត្តនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅដូចវត្តដ៏ទៅឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុ ទេដែលគង់នៅទីនោះ ព្រោះព្រះអង្គបានសាងព្រះផ្នួសអស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។
9.សារមន្ទីររោងដំរី កសាងក្នុងឆ្នាំ១៨៩២ ស្ថិតនៅខាងត្បូងវត្តព្រះវិហារព្រះកែវមរកត ជាប់របងព្រះបរមរាជវាំង ដែលពីដើម គេហៅថារោងដំរីជាកន្លែងរក្សាទុកប្រដាប់ប្រដា និងចិញ្ចឹមសត្វដំរី ត្រៀមទុកហែក្បួនក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ។ នៅឆ្នាំ ១៩៩៦ ក្រោយព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់សម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថសីហនុ រោងដំរីនេះត្រូវបានរៀបចំជួសជុល កែលំអទៅជាសារមន្ទីររោងដំរី ដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី ហើយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលរួមមានសាលពិព័រណ៍ រូបថត លំនៅស្ថានខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរផ្ទះបុរាណខ្មែរ ចំនួន២ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សាលតាំងនិងលក់វត្ថុអនុស្សាវរីយ៍ បន្ទប់តាំងគ្រឿងហែក្បួនដំរីបន្ទប់តាំងព្រះឆាយាលក្ខណ៍ ស្ដីពីព្រះរាជសកម្មភាព ព្រះករុណាព្រះបាទនរោត្ដមសីហនុ និងចុងក្រោយ បន្ទប់តាំងគ្រឿងហែក្បួនព្រះរាជពិធីទ្វារទសមាស។
អត្ថបទទាំងស្រុងរបស់ លោក គួន សំបូរ