ប្រាសាទសំបូរព្រៃគុក

ប្រាសាទសំបូរព្រៃគុក ដែលមានវ័យចំណាស់ជាង១៣០០ឆ្នាំ គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា នាស.វទី៧ មានឈ្មោះថា “ឦសានបុរៈ"
....
ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងភូមិសំបូរ ឃុំឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយមានចម្ងាយប្រមាណ៣៥គីឡូម៉ែត្រ ទិសខាងជើង ឆៀងខាងកើតពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត ជាប់ដងស្ទឹងសែន។
ក្រុមប្រាសាទនេះសង់លើដីរាបស្មើមានទំហំ3,000ហិកតា ដែលជារាជធានីចាស់ឈ្មោះថា ឦសានបុរៈ។ ពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយសវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និងថ្មបាយក្រៀមលំអរទៅ ដោយចំលាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអជាផ្ទាំងៗអំពីឥដ្ឋតែបច្ចុប្បន្នរបេះអស់។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់ដែលបានកសាងឡើងនៅរាជ្ជកាលស្តេចឥសានវរ្មន័ទី១ នៅក្នុងសតវត្សទី៧ (គ,ស 616-635) នាសម័យចេនឡា។
ក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១ មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួនជាង១៤០ប្រាសាទ។
រមណីដ្ឋានសំបូរព្រៃគុកគេចែកចេញជា ៤ ធំគឺ៖
1. ក្រុមប្រាសាទខាងជើង: ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។
2. ប្រាសាទកណ្តាល: ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរក្នុងទិសនីមួយៗហៅថា ទេវកថា។ នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។
3. ក្រុមប្រាសាទខាងត្បូង: ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ ក្រុមប្រាសាទទាំងនេះជា អតីតរាជធានី។
4. ក្រុមប្រាសាទក្រោលមាសៈ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។
ក្រុមប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះគេបានកំណត់ជា ៣តំបន់ សំរាប់ការពារដូចខាងក្រោម ៖
១ .ចំងាយ ៣០ម៉ែត្រ ពទ្ធ័ជុំវិញកំពែងខាងក្រោមនិងមាត់ស្រះ
២ .ចំងាយ៣០០ម៉ែត្រ ពទ្ធ័ជុំវិញតំបន់ទី១
៣ .ចំងាយ១៥០០ម៉ែត្រ ពទ្ធ័ជុំវិញតំបន់ទី២
ដោយត្រូវបានកសាងឡើងនៅសវត្សរ៍ទី ៧ ប្រាសាទសំបូរព្រៃគុកស្ថិតនៅក្នុងព្រៃដ៏ស្ងាត់ជ្រងំ។ ប្រាសាទសំបូរព្រៃគុក សម្បូរទៅដោយព្រៃឈើដុះព័ទ្ធជុំវិញ ដូចជា ព្រៃគុក ព្រៃស្រល់ ពណ៌ខៀវស្រងាត់ ដែលកំពុងតែបញ្ចេញសម្រស់បង្អួតដាក់គ្នា។ សោភ័ណនៃភាពប៉ិនប្រសព្វ រួមទាំងបច្ចេកទេសនៃការសាងសង់ ដ៏ឥតខ្ចោះរបស់ប្រាសាទ បានអន្ទងអារម្មណ៍អ្នកទស្សនាឲ្យវិលចូលទៅក្នុងអតីតកាលដ៏យូរលង់ដែលបុព្វបុរសខ្មែរយើង រចនាប្រាសាទនេះឡើង អំពីឥដ្ឋ លើកលែងតែសមាសធាតុតុបតែងលំអខ្លះៗ ដូចជា មេទ្វារ ផ្តែរទ្វារ សរសរពេជ្រ... និងអាស្រម មហាឥសី ដែលធ្វើអំពីថ្មភក់។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឯកសាររបស់ប្រាសាទសំបូរព្រៃគុកបញ្ជូនទៅកាន់អង្គការយូណេស្កូ ដើម្បីស្នើរដាក់ប្រាសាទនេះជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។