ស្ពាននេះមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ (ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប) ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។ បើតាមការបកស្រាយរបស់អ្នកស្រាវជ្រាវ ស្ពាននេះមានឈ្មោះ "ព្រះទិស", "ប្រាប់ទិស"... ។ ជាស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។ តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគនិងថ្មគោល គឺស្ថិតនៅក្នុងរចនាបទបាយ័ន (1181-1220) ។ ស្ពាននេះក៏ត្រូវបានជួសជុលពីរដងរូចមកហើយដែរ គឺលើកទី១នៅឆ្នាំ 1925 ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ 1965 ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា។


