ភ្លេងពិណពាទ្យ គឺត្រូវបានគេជឿថាមានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថាមានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនាក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ។ បច្ចុប្បន្នក្រុមភ្លេងពិណពាទ្យគឺជា ក្រុមវង់ភ្លេងព្រះរាជវាំងដែលអមដោយតន្ត្រីបុរាណ របាំស្បែកមុខ ល្ខោនតុក្កតាស្រមោល របាំប្រជាប្រិយនិង ពិធីបុណ្យជាតិនានា៕
ប្រភព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភ្លេងពិណពាទ្យមិនមែនជាភ្លេងសៀមទេ ស្គរធំក្នុងវង់ភ្លេងពិណពាទ្យ
រយៈពេលជាយូរឆ្នាំមកហើយ ដែលយើងទាំងអស់គ្នាបានឮផ្ទាល់នឹងត្រចៀកពីមជ្ឈដ្ឋានខ្លះថា ភ្លេងពិណពាទ្យជាភ្លេងសៀម ហើយគេនាំគ្នានិយាយយ៉ាងរអិលមាត់ថា ភ្លេងសៀមៗតែម្ដងដោយគ្មានពិចារណា ។ តាមពិតភ្លេងពិណពាទ្យជាភ្លេងរបស់ខ្មែរយ៉ាងពិតប្រាកដដែលយើងគួតែឈប់ហៅថា ភ្លេងសៀមចាប់ពីពេលនេះតទៅ ។
ភ្លេងពិណពាទ្យចែកចេញជាពីរប្រភេទ គឺតន្ត្រីពិណពាទ្យវង់តូច (មានគ្នាចំនួន ៥ នាក់) និងតន្ត្រីពិណពាទ្យវង់ធំ (មានគ្នាចំនួន ១១ នាក់) ។
តាមការស្រាវជ្រាវនៅតាមសិលាចារឹកជាអក្សរសំស្ក្រឹតមានពាក្យថា វាទ្យភណ្ឌតន្ត្រី និងពាទ្យភណ្ឌតន្ត្រី ។ ពាក្យនេះមានន័យថា ជាវង់តន្ត្រីមួយដែលមានឧបករណ៍ ៥ មុខ ។ ដូច្នេះគេបានសន្មតថាជាវង់តន្ត្រីពិណពាទ្យវង់តូចដែលមានគ្នាចំនួន ៥ នាក់ ជាអ្នកសម្ដែងជាមួយនឹងឧបករណ៍តន្ត្រីរួមមាន ១/ ស្គរធំពីរ, ២/ សំភោរ, ៣/ ស្រឡៃ, ៤/ រនាតឯក, ៥/ គង់វង់ធំ (មានផ្លែ ១៦ ឬ ១៧) ។
លេងភ្លេងពិណពាទ្យបន់ស្រន់ វង់ភ្លេងនេះត្រូវបានគេប្រើប្រាស់ជាសំខាន់សម្រាប់ប្រគំកំដរក្នុងពិធីបុណ្យប្រពៃណីជាតិ, ប្រពៃណីព្រះពុទ្ធសាសនា, កំដរក្នុងវង់របាំបុរាណ, ល្ខោនបុរាណ, ពិធីបួងសួងសំពះគ្រូធំ-តូច ឬកំដរក្នុងពិធីបុណ្យសព តាំងពីសម័យនោះមកទល់សព្វថ្ងៃនេះ ដោយគេបានសន្និដ្ឋានថា មានដើមកំណើតបន្ទាប់ពីវង់តន្ត្រីស្គរយោល ឬខ្លងឆ្នាក់ដែលបានកើតឡើងនៅសតវត្សរ៍ទី ២ និងសតវត្សរ៍ទី ៣ នៃគ្រិស្តសករាជ ។
ចំណេរក្រោយមកពោលគឺ បន្ទាប់ពីសតវត្សរ៍ទី ៣ អ្នកឯកទេសខាងជាតិពន្ធុតន្ត្រីវិទ្យា គេមានទេពកោសល្យធ្វើការស្រាវជ្រាវនូវប្រព័ន្ធនៃសំនៀង និងប្រព័ន្ធនៃឧបករណ៍តន្ត្រីដែលមានពាក់ព័ន្ធធ្វើឲ្យថាមពលនៃសំនៀងតន្ត្រីមានសុក្រិតភាពពេញលេញ ។
រនាតធុង (រូបមុខ) គង (រូបក្រោយ) គេរកឃើញនិងកែច្នៃបង្កើតបាននូវឧបករណ៍គោះដំមួយចំនួនទៀតដូចជាឧបករណ៍រនាតធុង, រនាតដែក, រនាតថោងធុង គងវង់តូច (មានផ្លែ ១៦ ដូចគងវង់ធំដែរ) និងស្រឡៃតូច ឬ ស្រឡៃណក ។ ឧបករណ៍ដែលរកឃើញក្រោយទាំងប៉ុន្មាននេះ គេបានបញ្ចូលទៅក្នុងវង់តន្ត្រីពិណពាទ្យវង់តូចបន្ថែមទៀត ធ្វើឲ្យសំនៀងដើមកាន់តែមានសុក្រិតភាពស្វាហាប់ ពីរោះរណ្ដំលើសពីសំនៀងវង់តន្ត្រីពិណពាទ្យពីមុន ដោយឲ្យឈ្មោះថា : " វង់តន្ត្រីពិណពាទ្យវង់ធំ " មានគ្នាចំនួន ១១ នាក់ ជាអ្នកសម្ដែង និងឧបករណ៍ ១/ ស្គរធំពីរ, ២/ សំភោរ, ៣/ រនាតឯក, ៤/ រនាតធុង, ៥/ រនាតដែក, ៦/ រនាតថោងធុង, ៧/ គងវង់ធំ, ៨/ គងវង់តូច, ៩/ ស្រឡៃធំ, ១០/ ស្រឡៃតូច និង ១១/ សវឹង ។
ជំនាន់ក្រោយកំពង់ហាត់ភ្លេងពិណពាទ្យ វង់តន្ត្រីពិណពាទ្យវង់ធំនេះនៅពេលប្រគំម្ដងៗឮសូរសំនៀងខ្លាំងស្រួយពីរោះរណ្ដំប្រកបដោយឯកទេស និងទេពកោសល្យខ្ពស់នៃអ្នកនិពន្ធជំនាន់ដើម ។ ក្នុងបទភ្លេងនីមួយៗមានលក្ខណៈស្វាហាប់គួរឲ្យចាប់អារម្មណ៍ពីចង្វាក់និងសាច់បទ ។ តួនាទីរបស់វង់តន្ត្រីនេះពីជំនាន់ដើមមានភារកិច្ច :
១/ សម្រាប់ប្រគំអបអរសាទរទទួលក្បួនទ័ព ដែលត្រឡប់ចូលព្រះនគរវិញ ក្រោយពីបានច្បាំង រួចហើយទទួលបានជ័យជំនះ ។
២/ សម្រាប់ប្រគំកំដរក្នុងពិធីបុណ្យប្រពៃណីជាតិទ្វារទសមាស, ព្រះរាជពិធីបួងសួង, ព្រះរាជពិធីតាំងតុ, ព្រះរាជពិធីអុំទូក, អកអំបុក, សំពះព្រះខែ, ព្រះរាជពិធីចុះផែ និងព្រះរាជពិធីច្រត់ព្រះនង្គ័ល ៘
៣/ ខាងផ្នែកប្រណៃណីព្រះពុទ្ធសាសនាគឺ : ប្រគំកំដរពិធីបុណ្យភ្ជុំបិណ្ឌ, បុណ្យកឋិន, បុណ្យផ្កា, បុណ្យបញ្ចុះសីមា, ស្រង់ព្រះ និងកំដរបុណ្យខ្មោច ៘
៤/ សម្រាប់ប្រគំកំដរជាមួយរបាំបុរាណដូចជា : របាំជូនពរ, របាំទេពមនោរម្យ, របាំអប្សរា, របាំមនីមេខលា, របាំសុវណ្ណមច្ឆា ៘
៥/ សម្រាប់ប្រគំកំដរជាមួយល្ខោនបុរាណដូចជា : ល្ខោនខោល, ល្ខោនស្រមោលស្បែកធំ, ស្បែកតូច, អាយ៉ង, ល្ខោនពាក់មុខ និងល្ខោនបុរាណរឿងរាមកេរ្តិ៍ជាដើម ៘
ជួនកាលវង់ភ្លេងនេះអាចចូលរួមប្រគំក្នុងពិធីបុណ្យឡើងអ្នកតា, បួងសួង, បន់ស្រន់សូមឲ្យប្រទេសយើងបានសុខសន្តិភាព មានទឹកភ្លៀងបង្អុរចុះបរិបូណ៌ឲ្យប្រជាកសិករប្រកបរបរកសិកម្មផ្សេងៗបានផល្លានុផលពេញលេញ ជីវភាពធូរធារសម្បូរសប្បាយ កុំឲ្យមានរោគាពាធិជំងឺតង្កាត់អ្វីឡើយ ។ មុខងារចាំបាច់បំផុតរបស់វង់តន្ត្រីនេះ គឺផ្សារភ្ជាប់នឹងពិធីសំពះព្រះគ្រូតូច និងគ្រូធំ ។
បន្ថែមលើការបង្ហាញខាងលើនេះ នៅមានភស្តុតាងរូបចម្លាក់សិលាចារឹកតាមផែនប្រាសាទបុរាណរបស់ខ្មែរយើង ជាសក្ខីភាពបញ្ជាក់យ៉ាងជាក់ស្ដែងដែលនោះជាសម្បត្តិវប្បធម៌ជាតិខ្មែរយ៉ាងពិតប្រាកដតំណាងឲ្យស្នាដៃ និងទេពកោសល្យរបស់បុព្វបុរសយើង ដែលបានប្រតិស្ឋានទុកឲ្យកូនចៅជំនាន់ក្រោយៗ បានឃើញច្បាស់គ្រប់ៗគ្នា ។ ជាការចាំបាច់សូមបងប្អូនហៅថា : " ភ្លេងពិណពាទ្យ " វិញទើបត្រឹមត្រូវ គឺមិនមែនភ្លេងសៀមទេ ៕