ប្រទេសកម្ពុជា គឺជាព្រះរាជាណាចក្រដែលធ្លាប់មានឥទ្ធិពលជាងគេបំផុតនៅអាសុីអាគ្នេយ៍ ក្នុងរយះពេលប្រមាណ ៦០០ឆ្នាំ
.......
ចក្រភពអង្គរ គឺជាចក្រភពមួយនៅក្នុងចំណោមចក្រភពដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ ចក្រភពអង្គរ (អធិរាជាណាចក្រខ្មែរ) បានរីកលូតលាស់ចេញមកអំពីអតីត រាជាណាចក្រនគរភ្នំ និងចេនឡា ជួនកាលបានគ្រប់គ្រងលើនិង/ឬប៉ែកមួយចំនួននៃប្រទេសដែលភាគច្រើនបំផុតស្ថិតនៅអាស៊ីអាគ្នេយ៍ដីគោកសម័យទំនើប ដូចជាលាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
ក្នុងចំណោមចក្រភពទាំងអស់នៅក្នុងតំបន់ មានតែចក្រភពអង្គរទេដែលរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីការឡើងសោយរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ នៅរវាងឆ្នាំ៨០២។ ដូច្នេះហើយបានពួកអ្នកស្រាវជ្រាវតែងតែកំណត់សម័យអង្គរក្នុងប្រវត្តិសាស្រ្តខ្មែរថា ការផ្ដើមនៃសម័យកាលនេះ គឺនៅឆ្នាំ៨០២ នៃគ្រឹស្ករាជ ហើយអាណាចក្រនេះបានបញ្ចប់ជាមួយនឹងការដួលរលំនៃអង្គរនៅសតវត្សទី១៥។
ប៉ុន្តែលោកសាស្រ្តាចារ្យ ដេវិឌ ឆាណ្ឌល័រ (David Chandler) បានអះអាងថា ឆ្នាំទាំងពីរនេះមិនមែនជាការចាប់ផ្តើម ប្ញជាការចប់នៃសម័យនោះឡើយ។ ទោះបីជាគេបានបោះបង់ចោលរាជធានីនេះនៅសតវត្សទី១៥ ក៏ដោយ ក៏នៅទសវត្សរ៍ឆ្នាំ១៥៧០ គេបានលើកទីក្រុងអង្គរជារាជបុរីសម្រាប់ព្រះរាជាគង់នៅឡើងវិញ។ ទោះជាយ៉ាងនេះក្តី ក៏កាលបរិច្ឆេទដោយសន្មត់ខាងលើនេះ មានសារះសំខាន់ផងដែរដោយសារកាលបរិច្ឆេទទាំងនេះ ជាសញ្ញាប្រាប់ពីសម័យរុងរឿងរបស់ប្រទេសកម្ពុជា។ បើតាមលោកសាស្រ្តាចារ្យ ដេវិឌ ឆាណ្ឌល័រ បានបញ្ជាក់ថា “ក្នុងរយះពេលប្រមាណ ៦០០ឆ្នាំ ប្រទេសកម្ពុជា គឺជាព្រះរាជាណាចក្រមានឥទ្ធិពលជាងគេបំផុតនៅអាសុីអាគ្នេយ៍ ដែលបានទាក់ទាញអ្នកទស្សនា និងសួយសារអាករមកពីតំបន់ឆ្ងាយៗ រហូតទៅដល់ប្រទេសម៉ាឡេស៊ី និងប្រទេសភូមាបច្ចុប្បន្ន ព្រមទាំងមកពីតំបន់ខាងលិចដែលក្រោយមកក្លាយជារដ្ឋថៃ។ល។ (ប្រវត្តិសាស្ត្រខ្មែរ ដោយ ដេវិឌ ឆាណ្ឌល័រ ទំព័រ៣៥)។
កេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់ចក្រភពនេះគឺ រាជធានីអង្គរ (យសោធបុរ) ជារាជធានីក្នុងសម័យដែលចក្រភពនេះបានឈានដល់ចំណុចកំពូល។ អង្គរជាភស្តុតាងស្ដុកស្ដម្ភនិងឥទ្ធិពលដ៏មហិមានៃចក្រភពអង្គរ (អធិរាជាណាចក្រខ្មែរ)។ សាសនាផ្លូវការរបស់អាណាចក្រនេះរួមមាន ព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយាន ក្រោយមក ព្រះពុទ្ធសាសនាថេរវាទ ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
បើតាមការសិក្សាថ្មីៗរបស់អ្នកបុរាណវិទ្យា ដោយប្រើរូបភាពផ្កាយរណប បានបង្ហាញថាក្នុងអំឡុងពេលដែលចក្រភពអង្គរបានឈានដល់ចំណុចកំពូល គឺរាជធានីអង្គរ (យសោធបុរ) ជាតំបន់ប្រមូលផ្ដុំនៃមនុស្សរស់នៅធំបំផុតលើពិភពលោក។