តើរឿងទុំទាវ គឺជារឿងពិតមែនរឺ?
……
តថភាព និងឥទ្ធិពលរបស់រឿងទុំទាវ
ជាប្រភេទអក្សរសិល្ប៍ទំនើប ប្រលោមលោកបែបមនោសញ្ជេតនាមួយរបស់ ព្រះភិក្ខុសោម។
រឿងនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ចាត់ទុកថាជារឿងពិតរបស់ ភិក្ខុទុំ និង នាងទាវ ក្នុងរជ្ជកាលរបស់ ព្រះបាទបរមរាជា ក្នុងសម័យលង្វែក ឯកាលកំណត់តែងនិពន្ធនៅក្នុងឆ្នាំ១៩១៥ ក្នុងរជ្ជកាលនៃមហាក្សត្រ ព្រះបាទស៊ីសុវត្ថិ។ រឿងនេះត្រូវបានដាក់បញ្ចូលក្នុងចលនាអក្សរសីល្ប៍ខ្មែរ តាំងពីយូរយាមកហើយ ជាពិសេសបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ។
អំពីប្រភពរឿង:
នៅក្នុងអារម្ភបទរឿងទុំទាវ ភិក្ខុសោមសរសេរថា «នេះនឹងថ្លាថ្លែងតែងចារចង ល្បើងល្បងល្បែងល្បាយកាយកាព្យា តាំងតែពីដំណាលកាលមុនជា និទានយូរយារឃ្លាឃ្លាតឆ្ងាយ។ មិនទៀងល្អៀងល្អក់ឃ្លាឃ្លាត សង្វាតផ្ទៀងផ្ទាត់បទបរិយាយ យើងកែជាថ្មីដែនដីអាយ ស្រង់ស្រាយតទុកទៅមុខទៀត។»
សេចក្តីនេះមានន័យថា ភិក្ខុសោម មិនមែនជាអ្នកតែងរឿងទុំទាវទាំងស្រុងដោយខ្លួនឯងទេ។ តាមពិតរឿងនេះមានដំណាលតៗគ្នា តាមបែបជារឿងព្រេង តាំងពីយូរយារណាស់មកហើយ។ ក្នុងការសិក្សាស្រាវជ្រាវអំពីព្រះរាជពង្សាវតារខ្មែរ តាមសាស្ត្រាស្លឹករឹត លោក អេង សុត បានរកឃើញថា រឿងនេះកើតនៅក្នុងរាជ្យព្រះបរមិន្ទរាជា ដែលមានរាជធានីនៅលង្វែក ហើយសោយរាជ្យពីឆ្នាំ១៥៦៨ ដល់ឆ្នាំ១៥៧៦។ ឯកសារដដែលបានកត់ទុកថា នៅពេលដឹងថា ចាញ់បោកម្តាយហើយ នាងទាវក៏ធ្វើសំបុត្រមួយចុះថ្ងៃ១កើត ខែផល្គុន ឆ្នាំមមែ ត្រីស័ក ព.ស.២១១៥ ត្រូវនឹងគ.ស.១៥៧២ទៅហៅទុំពីលង្វែកមក។ ត្រង់នេះបញ្ជាក់ឲ្យឃើញថា រឿងអាចមានដំណាលតាំងពីសម័យលង្វែកមក ប៉ុន្តែទាល់តែពេលក្រោយឆ្ងាយមកទៀតទើបមានអ្នកសរសេរទុកលើសាស្ត្រាស្លឹករឹត។
នៅឆ្នាំ១៨៥៧ ឧកញ៉ាសន្ធរវោហារម៉ុក បានចារជាកាព្យពាក្យ៧ ប្រកបដោយសិល្ប៍និពន្ធយ៉ាងល្អ គួរឲ្យចាប់អារម្មណ៍ ព្រោះលោកចេះរើសពាក្យដែលមានន័យចំ និងត្រឹមត្រូវ ដូចនេះហើយបានជារឿងរបស់លោកមានទំហំខ្លី ប៉ុន្តែមានន័យគ្រប់គ្រាន់ ទស្សនៈវណ្ណៈ និងប្រជាជនច្បាស់លាស់ ដែលនាំឲ្យលោកបង្ហាញលក្ខណៈតួបានជាក់លាក់និងរូបី។ ប៉ុន្តែគួរឲ្យស្តាយ ព្រោះរឿងទុំទាវស្នាដៃឧកញ៉ាសន្ធរម៉ុក បានត្រូវបាត់ផ្នែកខាងចុង រកមិនឃើញ គឺបាត់ត្រង់វគ្គ «ព្រះបាទរាមាដាក់ទោសលើអរជូន»។ បន្ទាប់មកទៀត ភិក្ខុសោម ក៏លើកយករឿងនេះមកសរសេរឡើងវិញ នៅឆ្នាំ១៩១៥។ ដូចសេចក្តីក្នុងអារម្ភកថានៃរឿងបានបញ្ជាក់ស្រាប់ ហើយនៅឆ្នាំ១៩៤២ ឧកញ៉ានូកន ក៏សរសេរបានមួយបែបទៀត ដោយដាក់ចំណងជើងថា «ទាវឯង»។
បើផ្ទឹមស្នាដៃឧកញ៉ាសន្ធរវោហារម៉ុក និងភិក្ខុសោម យើងឃើញថា ភិក្ខុសោមមិនមែនសរសេររឿងនេះឡើង ដោយយករឿងដំណាលជាគោលទេ តែលោកបែរជានិពន្ធ ដោយឈានចេញពីស្នាដៃរបស់ឧកញ៉ាសន្ធរម៉ុកទៅវិញ ពីព្រោះក្នុងស្នាដៃរបស់លោក មានសេចក្តីមួយចំនួនធំដូចគ្នាបេះបិទ ទាំងន័យ ទាំងពាក្យពេចន៍ ទៅនឹងអត្ថបទរបស់ឧកញ៉ាសន្ធរម៉ុក តែក៏មានវគ្គខ្លះកាត់ចោល ហើយបន្ថែមថ្មីទៀតជាច្រើន ដែលនាំឲ្យយើងឃើញថា ភិក្ខុសោម មានទស្សនៈខ្លះខុសគ្នាស្រឡះពីឧកញ៉ាសន្ធរម៉ុក។ ឧទាហរណ៍៖ វគ្គឆ្លើយឆ្លងគ្នារវាងទុំ និងទាវ ហើយក្នុងឃ្លាមួយចំនួនធំ មានខុសពាក្យគ្នាតែមួយ ឬពីរម៉ាត់៖
ភិក្ខុសោម “កាលនោះល្បីឈ្មោះបណ្ឌិតទុំ នៅខេត្តត្បូងឃ្មុំប្រុះប្រាជ្ញប្រាយ ចេះច្រៀងឆ្លាស់រឿងសុះសព្វសាយ ក្នុងដែនដីអាយប្រៀបពុំបាន។ មួយទៀតនាមឈ្មោះបណ្ឌិតពេជ្រ ជាស្រេចចេះភ្លេងល្បែងប៉ុន្មាន ឮល្បីឈ្មោះអ្នកទាំងពីរប្រាណ ក្សត្រក្សាន្តទ្រង់មានរាជបញ្ជា”។
ឧកញ៉ាសន្ធរម៉ុក “កាលនោះល្បីឈ្មោះថាម៉ឺនទុំ នៅខេត្តត្បូងឃ្មុំប្រុះប្រាជ្ញប្រាយ ចេះច្រៀងដឹងរឿងរ៉ាវផងទាំងឡាយ ក្នុងដែនដីអាយប្រៀបពុំបាន។ មានឈ្មោះពេជ្រក៏យ៉ាងឯង តែប៉ែកខាងភ្លេងពន់ប្រមាណ ល្បីឈ្មោះសាយសុះទាំងពីរប្រាណ ក្សត្រក្សាន្តសេ្តចមានរាជឱង្ការ”។
នៅមានបញ្ហាមួយដែលយើងគួរពិចារណាបញ្ជាក់បន្ថែម។ ក្នុងដំណើររឿងទុំទាវ អ្នកនិពន្ធបានបញ្ជាក់ច្បាស់ថា ស្តេចសោយរាជ្យនៅសម័យកើតឡើងនោះ មាននាមថាព្រះរាមាជើងព្រៃ តាំងរាជធានីនៅលង្វែក។ តាមពិតឯកសារប្រវត្តិសាស្ត្រនានា បានឲ្យដឹងថា ព្រះបាទរាមាជើងព្រៃ មិនមានរាជធានីនៅលង្វែកទេ។ ព្រះអង្គតាំងរាជធានីនៅស្រីសន្ធរ ហើយសោយរាជ្យបានតែបីឆ្នាំ គឺពីឆ្នាំ១៥៩៤ ដល់១៥៩៦។ ក្នុងពេល៣ឆ្នាំនេះ ពីរឆ្នាំដំបូងជាសម័យវឹកវរ ជ្រួលច្របល់ជាខ្លាំង ព្រោះព្រះអង្គត្រូវដើរកេណ្ឌពលនៅតាមខេត្តនានា ដើម្បីដេញទ័ពសៀម ដែលកាន់កាប់រាជធានីបន្ទាយលង្វែក។ ពេលដេញកំចាត់ទ័ពសៀមពីបន្ទាយលង្វែកបានហើយ(១៥៩៥) រាជ្យស្តេចអង្គនេះ បានស្គាល់សន្តិភាពតែមួយឆ្នាំគត់ ដោយនៅឆ្នាំ១៥៩៦ ស្តេចក៏ត្រូវជនជាតព័រទុគេ (ឈ្មោះ ឌីយេគោបេឡាសូ) និងអេស្ប៉ាញ៉ុល (ឈ្មោះ ប្លាស់រីស) ធ្វើគុតដោយគ្រាប់កាំភ្លើង ក្នុងពេលប្រយុទ្ធនារាត្រីមួយ។
ក្នុងរយៈពេលមួយឆ្នាំនេះ ស្តេចពុំអាចមានឱកាសចូលប្រលូកក្នុងព្រឹត្តិការណ៍ទុំទាវបានទេ។ ម៉្យាងទៀត លក្ខណៈព្រះបាទរាមាជើងព្រៃ ក្នុងប្រវត្តិសាស្ត្រ ក៏ខុសពីលក្ខណៈតួអង្គក្នុងរឿងដែរ ព្រោះក្នុងតថភាព ព្រះបាទរាមាជើងព្រៃ ពុំមែនជាអ្នកគោរព ហើយចេះលះបង់តាមការទូន្មានប្រៀនប្រដៅនៃពុទ្ធោវាទ ដូចតួអង្គស្តេចក្នុងរឿងទេ។ ដូចនេះ យើងយល់ថា រឿងនិទានទុំទាវប្រហែលកើតឡើងមុនរាជព្រះរាមាជើងព្រៃ ដូចព្រះរាជពង្សាវតារសាស្ត្រាស្លឹករឹតបានកត់ទុកនោះពិតមែន។ បើតាមដំណើរនេះ ពិតជាសមស្របតាមទីកន្លែង (លង្វែក) ហើយលក្ខណៈតួព្រះរាជាអាចចុះសម្រុងគ្នាបាន។ ស្តេចក្នុងរឿងទុំទាវ ហាក់ដូចជាតួអង្គបន្ទាប់បន្សំ ប៉ុន្តែតាមពិតលក្ខណៈតួអង្គនេះ សំខាន់ណាស់ ព្រោះថាសេចក្តីសម្រេចចិត្តរបស់តួអង្គនេះ មានឥទ្ធិពលអាចបង្វែរទិសដំណើររឿងទាំងមូលបាន។
ជាការពិតរឿង “ទុំទាវ” គឺជារឿងបុរាណខ្មែរទីមួយ ដែលមានតថភាពច្រើន ជាសាស្ត្រាល្បែងនានា នៅសម័យមុន ឬនៅសម័យប្រហាក់ប្រហែលគ្នា។ តថភាពនេះ បានធ្វើឲ្យរឿង “ទុំទាវ” មានប្រជាប្រិយភាពជាខ្លាំង ក្នុងសំណាក់មិត្តអ្នកអាន និងអ្នកស្តាប់រឿងនិទាននេះ។ យើងអាចពន្យល់មូលហេតុនៃបំរែបំរួលថ្មីក្នុងការនិពន្ធរឿងនេះ ដូចតទៅ៖
អំពីប្រធានរឿង :
រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថា ដំណើររឿង គឺវិលជុំវិញបញ្ហាសំខាន់មួយគឺ "ការតស៊ូដែលមានលក្ខណៈជាបុគ្គលដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករ"។
អំពីមូលបញ្ហា :
មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
អំពីសាច់រឿង :
រឿងមួយចំនួន ច្រើនមានប្រភពចេញមកពីគម្ពីរបញ្ញាសជាតក។ ទំនោរយករឿងក្នុងជាតកមកនិពន្ធនេះបង្ហាញច្បាស់ពីបំណងចង់ផ្សព្វផ្សាយពីទ្រឹស្តីសាសនាផង និងបញ្ជាក់ពីឥទ្ធិពលរបស់សាសនា មកលើសតិអារម្មណ៍ប្រជាជនខ្មែរផង។ មួយវិញទៀត សិល្ប៍និពន្ធនៃសាស្ត្រាល្បែងទាំងនោះ ក៏អាចបកស្រាយពីជីវភាពស្មារតីរបស់ប្រជាជនផងដែរ។ មានន័យថា ចាប់តាំងពីប្រទេសចុះឱនថយមក ជីវភាពប្រជាជនក៏លែងមានលំនឹង។ សង្គ្រាម ការព្រាត់ប្រាស និងទុរ្ភិក្សក្នុងរយៈពេលដ៏វែងធ្វើឲ្យគេឆ្អែតឆ្អន់នឹងការលំបាក វេទនា និងទុក្ខសោក។ បំណងប្រាថ្នា ចង់រស់នៅក្នុងសង្គមមួយដ៏សុខដុមរមនា មិនអាចសម្រេចបានក្នុងតថភាព។ ដូចនេះហើយបានជា ការស្រមៃរបស់គេ ចាំបាច់ត្រូវយកទៅបកស្រាយ ក្នុងអក្សរសិល្ប៍ទៅវិញ ដើម្បីបំពេអារម្មណ៍ និងសម្រាលបន្ធូរភាពគ្រោតគ្រាត និងជូរចត់ក្នុងជីវិតជាក់ស្តែង។ ដោយហេតុនេះហើយបានជា សាស្រ្តាល្បែង ក្នុងសម័យក្រោយអង្គររៀងមកដល់សម័យអាណានិគម មិនព្រមលើកឡើងពីជីវភាពសង្គម ពីជីវិតពិតរបស់ប្រជាជនសោះ តែបែរជាបង្ហាញពីជីវិតដ៏រុងរឿង និងសម្បូរសប្បាយរបស់ត្រកូលស្តេចទៅវិញ។ ឬបើពុំដូច្នោះទេ កាលណាគេបង្ហាញពីការលំបាកវេទនាដ៏ហួសនិស្ស័យ រួចហើយទីបំផុតអ្នកដែលទទួលទុក្ខទោស ដោយសារអយុត្តិធម៌ទាំងប៉ុន្មាន តែងបានវិលមកសោយសុខ សុភមង្គលបរិបូរវិញជានិច្ច។ ឧទាហរណ៍៖
§ ក្រុងសុភមិត្រ ខ្ចាត់ព្រាត់រសាត់អណ្តែត ព្រាត់មហេសី ព្រាត់បុត្រ បន្ទាប់ពីបាត់បង់នគរ និងរាជបល្ល័ង្គ នៅទីបញ្ចប់ ក៏បានមកជួបជុំគ្នាវិញ ហើយបានទាំងនគរមួយផ្សេងទៀត មកគ្រប់គ្រងថែមទៀត។
§ នាងមរណមាតា បានស្លាប់ហើយ រស់ឡើងវិញ ស្ទើរតែដប់ដងទៅហើយ ដើម្បីបានវិលមកធ្វើជាអគ្គមហេសីរបស់ស្តេចវិញ មុននឹងរឿងត្រូវបានបញ្ចប់។
ប៉ុន្តែសេចក្តីត្រូវការរបស់មនុស្សពីមួយថ្ងៃទៅមួយថ្ងៃ តែងតែប្តូរគុណភាព ហើយដំណាក់កាលមួយថ្មី ក៏បានមកដល់ជាមួយនឹងរឿង “ទុំទាវ”។ ការលួងលោមចិត្ត ដោយអក្សរសិល្ប៍ ដែលបកស្រាយសំណូមពរ ដែលមានអាយុបួនសតវត្សរ៍មកហើយនោះ ក៏ចាប់ផ្តើមក្លាយជាភាពមិនគ្រប់គ្រាន់ សម្រាប់បម្រើអារម្មណ៍ស្មុគស្មាញ។ ដូចនេះហើយបានជា នៅពាក់កណ្តាលសតវត្សរ៍ទី១៩ មានទំនោរមួយថ្មីទៀតកើតឡើង។ នោះ គឺការចាប់ផ្តើមយកចិត្តទុកដាក់ ទៅលើអ្វីដែលនៅជិត និងនៅជុំវិញខ្លួនគេ។ អ្នកនិពន្ធរឿង “ទុំទាវ” បានបោះបង់ចោលទម្លាប់ចាស់ទាំងនោះ ហើយលើកយកបញ្ហាដែលចោទឡើងពិតៗក្នុងជីវភាពសង្គមមកចោទ និងដោះស្រាយវិញម្តង។ នេះជាជំហានទីមួយ និងជាលក្ខណៈដោយឡែកមួយរបស់អក្សរសិល្ប៍មជ្ឍិមយុគខ្មែរ។
អំពីតួអង្គ:
ក្នុងរឿងបុរាណខ្មែរ តួអង្គតែងមានពីរប្រភេទ។ ប្រភេទទីមួយ គឺជាតួអង្គតំណាងសភាវៈល្អ។ តួអង្គប្រភេទនេះ មានរហូតដល់ឧត្តរិបុគ្គល គឺជនដែលមានលក្ខណៈប្រសើរឧត្តមលើសមនុស្សធម្មតា។ ឯតួអង្គប្រភេទទីពីរ ដែលតំណាងសភាវៈអាក្រក់ ក៏មានលក្ខណៈជ្រុលទៅក្នុងផ្លូវអាក្រក់ លើសមនុស្សបុថុជ្ជនៈទូទៅដែរ។ អ្នកនិពន្ធរឿង“ទុំទាវ” ក៏បានបង្ហាញតួទាំងពីរប្រភេទនេះដែរ៖
§ ព្រះបាទរាមាជើងព្រៃ ជារូបីកម្មនៃគុណធម៌។ ព្រះអង្គជាស្តេចមានទសពិធរាជធម៌ ដេលប្រជាជនចង់បាន។ ក្រៅពីព្រះរាជាមួយអង្គនេះចេញ តួអង្គដទៃទៀត សុទ្ធតែមានកំហុស។
§ ទុំ ជាយុវជនអន្ទះអន្ទែង តក់ក្រហល់ ស៊ីបាយបោកឆ្នាំង…
§ នាងទាវ ជាយុវតីព្រហើន គ្មានលក្ខណៈសុភាពរាបសា មិនលុះដោយដំបូន្មានឪពុកម្តាយ មិនដើរតាមប្រពៃណីរបស់នារីខ្មែរ…
§ ម្តាយនាងទាវ ជាស្រ្តីមានះ ស្គាល់តែបុណ្យសក្តិ ទ្រព្យសម្បត្តិ…
§ អរជូន បណ្តោយខ្លួនឲ្យម្តាយនាងទាវដឹកច្រមុះដូចគោ…
ប៉ុន្តែក្នុងរឿង“ទុំទាវ” តួអង្គទាំងអស់ សុទ្ធតែមនុស្ស ហើយជាមនុស្សសាមញ្ញ ដែលមានផ្នត់គំនិតជាខ្មែរ។ ទំនាស់ដែលអ្នកនិពន្ធចោទឡើង ពិតជាបញ្ហាចម្បងមួយ ដែលកើតឡើងក្នុងសង្គមខ្មែរ។ នៅក្នុងការដោះស្រាយទំនាស់នេះ តួអង្គរឿង“ទុំទាវ” មានទាំងចំណុចខ្លាំង និងចំណុចខ្សោយ ហើយប្រើលទ្ធភាពផ្ទាល់ខ្លួនជានិច្ច។ កត្តាទាំងនេះសំខាន់ណាស់ ព្រោះធម្មតាលទ្ធភាពរបស់មនុស្សតែងមានព្រំដែន។ គឺព្រំដែននេះហើយ ដែលបង្កើតនវភាពឲ្យរឿង“ទុំទាវ” ព្រោះវាបានរុញដំណោះស្រាយរបស់រឿង ឲ្យឈានចូលរហូតដល់ទារុណភាព។ ចំណែកនៅក្នុងសាស្ត្រាល្បែងរបស់ខ្មែរយើងដទៃទៀត គេមិនសូវធ្វើឲ្យតួអង្គស្លាប់ទេ តែប្រសិនបើមានស្លាប់វិញនោះ គឺដោយសារតែទណ្ឌកម្មតែមួយប៉ុណ្ណោះ។
អំពីទីកន្លែង :
សាស្ត្រាបុរាណ តែងនៅមុន និងក្រោយរឿង“ទុំទាវ” ច្រើនបង្ហាញក្របខណ្ឌ ដែលគ្មានផ្តល់បញ្ញតិ្តអ្វីបន្តិចសោះនៅក្នុងអារម្មណ៍អ្នកអានខ្មែរ។ យើងមិនចាំបាច់និយាយដល់ឋានសួគ៌ឋានកៃលាស ឋានបាតាល ឬឋានភុជង្គនាគទេ ដែលរឿងបុរាណចូលចិត្តលើកយកមកធ្វើជាទីតាំង ព្រោះឋានទាំងនោះមានតែនៅក្នុងមនោគតិប៉ុណ្ណោះ តែសូម្បីឈ្មោះក្រុងអាយុធ្យា ក្រុងមិថិលា ក្រុងតក្កសិលា ក្រុងពារាណសី ក្រុងរាជគ្រឹះ… ដែលមានឈ្មោះពិតក្នុងផែនទីប្រទេសឥណ្ឌា ក៏មិនមានន័យអ្វី លើសពីឋានមនោគតិ ដែលយើងរៀបរាប់រួចមកហើយនោះដែរ។ ចំណែកក្នុងរឿង“ទុំទាវ” ឈ្មោះទីកន្លែងមានបញ្ញត្តិគ្រប់គ្រាន់ ទាំងផ្នែកភូមិសាស្ត្រ ទាំងផ្នែកវប្បធម៌ និងអរិយធម៌។ ខ្មែរណា ក៏ដឹងថាលង្វែក ជារាជធានីធំមួយ ក្រោយពេលចាកចោលអង្គរដែរ។ កាលណានិយាយដល់ខេត្តបាភ្នំ ខេត្តត្បូងឃ្មុំ គេមានរូបារម្មណ៍ពីតំបន់នោះរួចជាស្រេច។ ទីកន្លែងរូបីទាំងនេះ មានអនុភាពធ្វើឲ្យខ្មែរអ្នកអានសាស្រ្តាទុំទាវ ចាប់អារម្មណ៍ហាក់កំពុងអង្គុយស្តាប់ ប្រវត្តិរឿងពិតមួយរបស់យុវជនពីរនាក់ ដែលកើតនៅក្នុងសម័យលង្វែកដ៏យូរលង់នោះ។ ម៉្យាងទៀត វត្ថុធម្មជាតិមួយចំនួន បានជំរុញឲ្យអ្នកអានរឹតតែបន្ថែមទម្ងន់លើជំនឿនេះកាន់តែមុតមាំឡើងទៀត ដូចជាវត្តមានដើមពោធិ៍ចំណាស់ច្រើនសតវត្សរ៍ និងដុំថ្មមានរាងដូចក្បាលកី ដែលស្ថិតក្នុងភូមិពោធិជើងខាល តាំងពីបុរាណរហូតមកដល់បច្ចុប្បន្នកាលនោះជាដើម។ អ្នកនិទានរឿង“ទុំទាវ” ច្រើនពន្យល់បញ្ជាក់បន្ថែមថា គឺនៅក្រោមដើមពោធិ៍ដ៏ធំច្រើនអោបនោះហើយ ដែលពួកអរជូនយកទុំទៅសម្លាប់។ ឯកីនោះ គឺជាកីដែលនាងទាវ តែងប្រើត្បាញរាល់ថ្ងៃកាលនាងនៅរស់។ សេចក្តីពន្យល់នេះ រឹតតែធ្វើឲ្យអ្នកស្តាប់រឿងកាន់តែជឿស៊ប់មែនទែន ថាយុវជនឈ្មោះទុំ និងទាវ ពិតជាមានអត្ថិភាព ពិតប្រាកដ ហើយអ្នកទាំងពីរពិតជាបានស្លាប់ តាមដំណើរ ទំនង និងបែបដែលគេបានស្តាប់ក្នុងរឿងនោះពិតមែន។ ជួនកាល ជំនឿស្លុងនេះ ធ្វើឲ្យគេភ្លេចគិតពិចារណ ពីភាពសមហេតុសមផលទៀតផង៖ តើឈើប្រភេទណា ដែលក្រោយពីទទួលសំណឹករាប់សតវត្សរ៍មក ហើយស្រាប់តែក្លាយទៅជាដុំថ្មទៅវិញដូច្នេះ? បើពុំនោះសោតទេ គេអាចនឹងសួរខ្លួនឯងបានដែរថា បើឈើក្លាយទៅជាថ្មមិនកើត តើថ្មចម្លែកនេះ អាចជាចម្លាក់កេរដំណែលសម្រាប់រំលឹកអនុស្សាវរីយ៍ឈឺចាប់បានឬទេ បើទាំងអ្នកស្រុកត្បូងឃ្មុំ ទាំងពួកស្តេចត្រាញ់ទាំងអស់ សុទ្ធតែស្អប់ពូជអរជូន និងទុំទាវយ៉ាងនេះ? ព្រោះថាធម្មតា អ្វីដែលគេស្អប់ ខ្មែរមិនចូលចិត្តធ្វើដំណែលតំណាងទុកទេ សូម្បីតែពេលនិទានរឿង“ទុំទាវ” ក៏គេនាំគ្នាទៅនិទាន និងស្តាប់នៅឆ្ងាយពីលំនៅដែរ ដោយគេចាត់ទុកថារឿងនេះ នាំមកនូវចង្រៃអពមង្គល។
ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ យើងទទួលស្គាល់ថា ការនិពន្ធដែលផ្អែកលើអំណះអំណាងធម្មជាតិ ឬស្ថាបត្យកម្មបុរាណដ៏អស្ចារ្យណាមួយ ដែលមានអត្ថិភាពរួចហើយ ពិតជាមានទំនាញមកលើអ្នកអាន។ គឺក្នុងគោលបំណងបង្កើតទំនាញនេះហើយ ដែលនាំឲ្យអ្នកនិពន្ធខ្លះ នៅសម័យក្រោយមកចូលចិត្តជ្រើសរើសរឿងដែលមានប្រភពចេញពីរឿងព្រេងមកនិពន្ធវិញ ដើម្បីឲ្យមានអំណះអំណាងជាក់ស្តែង។
ឧទាហរណ៍៖
§ រឿង“ឬទ្ធីសែន និងនាងកង្រី” មានភ្នំនាងកង្រី នៅខេត្តកំពង់ឆ្នាំង និងទន្លេសាបជាសាក្សី។
§ រឿង“នាងរំសាយសក់ ឬនាងសក់ក្រអូប” មានភ្នំទ្រុងមាន់ ទ្រុងទា ភ្នំរំសាយសក់ និងភ្នំសំពៅ ក្នុងខេត្តបាត់ដំបង ធ្វើជាអំណះអំណាង។
§ រឿង“ល្បើកអង្គរ” កវីអ្នកប៉ាង ក៏បានធ្វើឲ្យអ្នកអានមួយចំនួនជឿថា ពិតជាមានស្ថាបត្យករ ឈ្មោះពិស្ណុការ ដែលបានរៀនបច្ចេកទេសជំនាងពីឋានសួគ៌ ចុះមកសាងសង់ប្រាសាទអង្គរវត្តដែរ។
រួមសេចក្តីទៅ ការប្រឌិតរឿងទុំទាវតាមលំនាំការពិតខ្លះ បន្ថែមបន្ថយខ្លះ ដើម្បីឲ្យស្របទៅនឹងស្ថានភាព ទិដ្ឋភាព ភូមិសាស្រ្ត និងប្រវត្តិសាស្ត្រ បានបង្ហាញឲ្យឃើញការលូតលាស់ និងភាពរស់រវើកនៃមនោគតិរបស់អ្នកនិពន្ធខ្មែរ។
យុវជនយុវនារី និងមនុស្សគ្រប់វ័យ គ្រប់រូប គួរសិក្សាពិចារណា មុននឹងធ្វើសេចក្តីសំរេចចិត្ត អំពីអានាគតខ្លួន និងអានាគតកូនចៅជាដើម។ល។ តើកូនប្រុស-ស្រី ត្រូវធ្វើតាមឪពុកម្តាយ ឬតាមចិត្តរបស់ខ្លួន? តើឪពុកម្តាយត្រូវធ្វើ តាមចិត្តរបស់ខ្លួន ឬតាមចិត្តកូនប្រុស-ស្រី? នេះជាបញ្ហាមួយក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ដែលទាក់ទងទៅនឹងវប្បធម៍អរិយធម៌ខ្មែរ។