ភូមិភាគទាំង៧ និងតំបន់ទាំង៣២ នាសម័យកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត)
…
យោងតាមរដ្ឋធម្មនុញ្ញនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន២៥០រូប ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់អណត្តិ៥ឆ្នាំ។ នួន ជា គឺជាប្រធាន និងឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។ គណៈប្រធានរដ្ឋ មានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អង្គការដែលមានអំណាចលើសអ្វីៗទាំងអស់នោះ គឺបក្សកុម្មុយនិស្តកម្ពុជា ដែលមកទល់នឹងពេលនោះត្រូវពួកខ្មែរក្រហមខ្លួនឯងដាក់ឈ្មោះថា “អង្គការបដិវត្តន៍” ហើយត្រូវបានគេស្គាល់ជាទូទៅថាជា “អង្គការ”។ នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈកម្មាធិការ ដែលមានសិទ្ធិអំណាចធំបំផុត ក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា អនុម័តគោលនយោបាយរដ្ឋាភិបាល និងលក្ខន្តិកៈផ្សេងៗនោះ គឺគណៈអចិន្រ្តៃយ៍បក្ស ដែលមានសមាជិក៥រូប គឺប៉ុល ពត ជាលេខា នួន ជា ជាអនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជាសមាជិក។
បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការដែលមានអំណាចលំដាប់ទីពីរក្នុងបក្ស គឺគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនេះរួមមាន សមាជិកទាំង៥រូបនៃគណៈអចិន្រ្តៃយ៍ បូកជាមួយនឹងមនុស្សពីរនាក់ទៀតគឺ សុន សេន និងតាម៉ុក។ នៅឆ្នាំ១៩៧៧ មនុស្សបីរូបផ្សេងទៀតត្រូវបានបញ្ចូលបន្ថែមទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
នៅក្នុងចំណោមសមាជិកគណៈកម្មាធិការមជ្ឈិមបក្សដ៏មានអំណាចនេះ មានតែនួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ។ មានតែ នួន ជា និងខៀវ សំផន ដែលនៅរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃនេះ។ អ្នកផ្សេងទៀតបានស្លាប់បាត់អស់ទៅហើយ។ វន វ៉េត និងញឹម រស់ ត្រូវបានគេយកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៨។ សោ ភឹម បានសម្លាប់ខ្លួនឯងនៅឆ្នាំ១៩៧៨។ សុន សេន ត្រូវបាន ប៉ុល ពត បញ្ជាឲ្យគេសម្លាប់ចោលទាំងគ្រួសារនៅឆ្នាំ១៩៩៧។ ក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវបានពួកខ្មែរក្រហមគ្នាឯងចាប់ខ្លួនយកមកកាត់ទោសឲ្យជាប់គុកអស់មួយជីវិតពីបទធ្វើឃាតលើ សុន សេន នេះ។ ប៉ុល ពត បានស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកតាម៉ុកវិញ ស្លាប់ដោយជម្ងឺនៅឆ្នាំ២០០៦ ក្រោយពីបានជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធាកម្ពុជា អស់រយៈពេលប្រមាណ៧ឆ្នាំ។
ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សប្រចាំភូមិភាគក៏ជាមនុស្សដែលមានអំណាចខ្លាំងដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ពួកខ្មែរក្រហមបានធ្វើការបែងចែកទឹកដីប្រទេសកម្ពុជាជាភូមិភាគ តាំងពីមុនឆ្នាំ១៩៧៥ម៉្លេះ។ ភូមិភាគនីមួយៗ គឺជាការយកខេត្តពីរឬច្រើន ឬកាត់យកខេត្តនេះខ្លះ ខេត្តនោះខ្លះមកដាក់បញ្ចូលគ្នា។ ភូមិភាគនីមួយៗត្រូវបែងចែកជាតំបន់ ហើយតំបន់នីមួយៗត្រូវបែងចែកជាស្រុក ឃុំ និងសហករណ៍បន្តទៀត។
នៅតាមភូមិភាគនីមួយៗ លេខាបក្សប្រចាំភូមិភាគ គឺជាអ្នកមានអំណាចសម្រេចលើអ្វីៗទាំងអស់នៅក្នុងភូមិភាគរបស់ខ្លួន។ អ្នកដែលមានអំណាចបន្ទាប់ពីភូមិភាគ គឺសហករណ៍។ សហករណ៍នីមួយៗដឹកនាំដោយ ប្រធានសហករណ៍មួយរូប និងសហការី២រូបផ្សេងទៀត។ យោងតាមលោក David Chandler សហករណ៍មានអំណាចធ្វើសេចក្តីសម្រេចលើអ្វីៗទាំងអស់នៅក្នុងរង្វង់ដែនដីរបស់ខ្លួន ដូចជា ការកំណត់របបចំណីអាហារ ទំហំការងារដែលប្រជាជនត្រូវបំពេញ ឬ កំណត់ថាកុមារណាដែលត្រូវដាក់បញ្ចូលទៅក្នុងកងចល័ត ជាដើម ។ល។
កម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកជា៧ភូមិភាគ (ភូមិភាគកណ្តាល ជាភូមិភាគទី៧ ដែលទើបនឹងបង្កើត នៅឆ្នាំ១៩៧៧) រួមមាន ៣២តំបន់។
ទី១. ភូមិភាគនិរតី ឬភូមិភាគ៤០៥ : យោងតាមលោកស្រី Elizabeth Becker ភូមិភាគនិរតីគឺជាភូមិភាគធំជាងគេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មានកងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
ទី២. ភូមិភាគបូព៌ា ឬភូមិភាគ២០៣ : ភូមិភាគនេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែលប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។
ទី៣. ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០ : លេខាភូមិភាគពាយ័ព្យ គឺញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិសាត់ និងបាត់ដំបងទាំងមូល ហើយចែកចេញជា៧តំបន់ ពីតំបន់១ ដល់តំបន់៧។
ទី៤. ភូមិភាគឧត្តរ ឬភូមិភាគ៣០៣ : ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ភូមិភាគនេះដឹកនាំដោយ កុយ ធួន ហៅ ធុច។ ក្រោយពី កុយ ធួន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៧៦ កែ ពក ត្រូវបានតែងតាំងជាលេខាភូមិភាគនេះជំនួស កុយ ធួន។ នៅឆ្នាំ១៩៧៧ ភូមិភាគឧត្តរនេះ ត្រូវបានប្តូរឈ្មោះទៅភូមិភាគកណ្តាលវិញ។ ចំណែកភូមិភាគភូមិភាគឧត្តរចាស់ត្រូវបានរើទីតាំងទៅតាំងនៅខេត្តខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ។ ភូមិភាគឧត្តរថ្មីនេះដឹកនាំដោយ កង ចាប។
ទី៥. ភូមិភាគកណ្តាល : គឺជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ។ ភូមិភាគនេះត្រូវបានបែងចែកជាបីតំបន់ គឺតំបន់៤១ តំបន់៤២ និងតំបន់៤៣។ លេខាភូមិភាគកណ្តាល គឺ កែ ពក។
ទី៦. ភូមិភាគបស្ចិម ឬភូមិភាគ៤០១ : ភូមិភាគនេះដឹកនាំដោយ ជូ ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ ភូមិភាគនេះបែងចែកជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
ទី៧. ភូមិភាគឦសាន ឬភូមិភាគ១០៨ : ណៃ សារ៉ាន់ ហៅ យ៉ា បានកាន់តំណែងជាលេខាភូមិភាគឦសានរហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦។ ពេលដែល ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួសវិញ។ ភូមិភាគឦសានរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
នៅក្នុងរបបខ្មែរក្រហម តំបន់មួយចំនួនត្រូវបានដាក់ជាតំបន់ស្វយ័ត ដោយមិនចំណុះឲ្យភូមិភាគណាមួយ។ តំបន់ទាំងនោះរួមមាន តំបន់សៀមរាប-ឧត្តរមានជ័យ ឬតំបន់១០៦ និងតំបន់ព្រះវិហារ ឬតំបន់១០៣ ដែលពីមុនស្ថិតក្នុងភូមិភាគឧត្តរ តំបន់ក្រចេះ ឬតំបន់៥០៥ និងតំបន់មណ្ឌលគិរី ឬតំបន់១០៥ ពីមុនស្ថិតក្នុងភូមិភាគឦសាន។ តំបន់កំពង់សោមក៏ត្រូវបានចាត់ជាតំបន់ស្វយ័តដែរ។
សូមអរគុណ!