ប្រាសាទភ្នំបាណន់

ជំនឿលើភាពសក្ដិសិទ្ធិនៃបូជនីយដ្ឋានប្រាសាទភ្នំបាណន់ ខេត្តបាត់ដំបង
.....
នៅខាងលិចស្ទឹងសង្កែ ស្រុកសង្កែ ជ្រុងអាគ្នេយ៍ទីរួមខេត្តបាត់ដំបង ចម្ងាយប្រហែលជា 25 គីឡូម៉ែត្រ បើសិនធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៥ ស្របតាមដងស្ទឹងសង្កែជាប់រហូតដល់ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ យើងនឹងឃើញមានភ្នំមួយឈ្មោះថា ភ្នំបាណន់ ដែលជាបូជនីយដ្ឋានសក្ដិសិទ្ធិមួយ ហើយដែលអ្នកស្រុកតែងធ្វើពិធីបូជាតាំងបុរាណកាល។

ស្ថិតនៅពីលើកំពូលភ្នំដែលមានកម្ពស់ប្រមាណជាង១០០ម៉ែត្រ និងមានកាំជណ្តើរឡើងចំនួន៣៥២កាំ គឺមានប្រាសាទបុរាណមួយហៅថាប្រាសាទបាណន់ ដែលបច្ចុប្បន្នក្លាយជារមណីយដ្ឋាន ប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយនៅក្នុងខេត្តបាត់ដំបង។
តួប្រាសាទលើកំពូលភ្នំនេះ សាងសង់ពីថ្មបាយក្រៀម និងថ្មភក់ តាមរចនាបថពាក់កណ្តាលសតវត្សរ៍ទី១១ និងចុងសតវត្សរ៍ទី១២ ។ តាមការសិក្សាស្រាវជ្រាវ ប្រាសាទនេះបានប្រដិស្ឋានឡើងដំបូងក្នុងអំឡុងសតវត្សទី១១-១២ នៅក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នាឆ្នាំ១០៥០ដល់១០៦៦។ ប៉ុន្តែការដឹកនាំកសាងរបស់ព្រះអង្គ មិនបានបញ្ចប់រួចរាល់ជាស្ថាពរនោះទេ ទើបក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៩?) ក៏បានបន្តកសាងបញ្ចប់ ។
តួប្រាសាទលើកំពូលភ្នំនេះ មានកំពូល5 គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ។ ចំណែកឯ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរ គឺល្អាងព្រះទឹក និង ល្អាងបិទមាស ។
ចំណែកឯកំពូលប្រាសាទទី2 នាទិសខាងត្បូងឈ្មោះថា ប្រាសាទទម្លាក់ដូង ដែលចាស់ៗបានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោមតែពុំមានមនុស្សណាហ៊ានចុះទេ មានតែពិសោធន៍មើលពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសងែ្កដែលមានរូងមួយក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ។
នៅជើងភ្នំនោះ មានរូងជ្រៅធំទូលាយ អាចឲ្យមនុស្សចូលទៅបានដោយស្រួល ដំបូលរូងកោងដូចដំបូលទូក មានកន្លែងទឹកស្រក់មានតម្រងទឹកថ្មរាងដូចត្បាល់បុកអង្ករ ទំហំប្រហែលជាប៉ុនល្អី ។ រូងនោះមានទំហំប្រហែល ១២ ម៉ែត្របួនជ្រុង ជញ្ជាំងថ្ម ពុំមានចម្លាក់អ្វីទេ ប៉ុន្តែនៅខាងត្បូងតម្រងទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបាក់បែកជាច្រើន ។ ពន្លឺព្រះអាទិត្យចូលទៅបំភ្លឺពេញរូងនោះ តាមប្រហោងមួយនៅលើដំបូល ។ ផ្លូវដែលចូលទៅក្នុងរូងនោះតូចចុះតែមនុស្សម្នាក់ងងឹតសូន្យ។ បើចូលទៅតាមផ្លូវលុះតែអុជចន្លុះបំភ្លឺ ហើយដើរជាជួរបន្តគ្នាទើបអាចចូលទៅដល់កន្លែងស្រក់ទឹកនោះបាន ។
តាមអ្នកភ្នំបាណន់នោះនិយាយថា ជួនកាលតម្រងនោះមានទឹកពេញ ជួនកាលមានទឹកត្រឹមតែពាក់កណ្ដាល, គេថាបើតម្រងថ្មមានទឹកពេញ ជាប្រផ្នូលថា អ្នកស្រុកបានស្រូវបរិបូណ៌ តែបើទឹកកន្លះ ថាអ្នកស្រុកធ្វើស្រូវពុំសូវបាន ។
ទឹកដែលគេឃើញនៅក្នុងតម្រងនោះ ថ្លាឈ្វេង ហើយជនទាំងឡាយដែលទៅដល់ទីនោះ មិនដែលខានក្បង់ទឹកនោះមកលុបលាងក្បាលសុំសេចក្ដីសុខសប្បាយទេ ។
ប្រសិនបើស្តាប់តាមសម្តីចាស់ទុំក្នុងស្រុកវិញ បានតំណាលឱ្យយើងដឹងពីប្រវត្តិនៃជំនឿលើប្រាសាទនេះថា “ ប្រាសាទភ្នំបាណន់នេះ ពីដើមគេហៅថា ប្រាសាទភ្នំបំណន់។ នៅពេលណាអ្នកស្រុកមានគ្រោះអាសន្ន គេតែងនាំគ្នាមកបន់ស្រន់ លុះត្រាណាតែបានសម្រេចបំណង ក៏វិលមកសែនព្រេនលាបំណន់វិញ ទើបជាប់ឈ្មោះថា ប្រាសាទភ្នំបាណន់ ជាប់រហូតមកដល់សព្វថ្ងៃនេះ។ កាលពីដើមឡើយ តំបន់នេះមានកូនភ្នំតូចមួយហ៊ុំព័ទ្ធទៅដោយទឹកសមុទ្រដាច់កន្ទុយភ្នែក ដែលមានរឿងព្រេងនិទាននាងរំសាយសក់ បានច្បូតសក់បឺតសម្រកទឹកសមុទ្រ ដើម្បីសម្លាប់សត្វក្រពើអាធន សង្រ្គោះជីវិតស្តេចមួយព្រះអង្គ និងមនុស្សម្នាមួយសំពៅ”។
ចំពោះរឿងព្រេងដែលពាក់ព័ន្ធភ្នំបាណន់នេះ មានដូចតទៅ ៖
តាមចាស់ៗដំណាលថា កាលពីព្រេងនាយ មានសេដ្ឋីម្នាក់មានកូនស្រីមួយឈ្មោះនាង រំសាយសក់ នាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ។ ក្រោយមកមានតាបសម្នាក់ឈ្មោះតាគ្រាម បានទទួលមើលជំងឺនាងនោះលុះត្រាតែជា កាលជាហើយមហាសេដ្ឋីជាឪពុកនាងបានផ្សំផ្គុំឲ្យជាភរិយាតាបសនោះ។ តាបស បង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម ។
តាបសនិងភរិយានៅក្នុងរូងភ្នំមួយ ហៅថា ព្រះទឹក ឬប្រទឹក តាមសំដីអ្នកស្រុក។ រូងភ្នំនោះនៅខាងត្បូង ភ្នំបាណន់ សព្វថ្ងៃ តែកាលនោះ ភ្នំបាណន់ នោះគេហៅថា ភ្នំប្រាសាទ ។

ខាងក្រោយមក មានព្រះរាជបុត្រស្ដេចមួយព្រះអង្គ ព្រះនាមចៅរាជកុល មកសុំរៀនមន្តវិជ្ជាផ្សេងៗ តាគ្រាម ។ តាបសសុខចិត្តបង្ហាត់បង្រៀនព្រះរាជបុត្រនេះលុះត្រាតែចេះ ប៉ុន្តែហាមព្រះរាជកុមារមិនឲ្យមើលប្រពន្ធសោះ ដោយគាត់ខ្លាចចៅរាជកុល ស្រឡាញ់ប្រពន្ធគាត់ ព្រោះនាង រំសាយសក់រូបល្អណាស់ ។
កន្លងជាយូរខែក្រោយមក ពេលមួយ ជួននជាតាបសមិននៅ ចៅរាជកុល ទៅលួចមើលប្រពន្ធគាត់ឃើញរូបនាងល្អឆើត ក៏កើតសេចក្ដីប្រតិព័ទ្ធលួចសាកសួរចិត្តនាងៗ ស្រឡាញ់ចៅរាជកុល ដែរ ក៏ទទួលព្រម ។
ថ្ងៃមួយ តាបស ចូលទៅក្នុងព្រៃដើម្បីរកវត្ថុផ្សេងៗ អ្នកទាំងពីរបានឱកាសល្អ ក៏នាំគ្នាជិះសំពៅរត់ចោលតាបសទៅ ។
កាលតាបសត្រឡប់មកពីព្រៃវិញ ពុំឃើញអ្នកទាំងពីរនៅក្នុងរូងភ្នំ គាត់ក៏ដឹងថាចៅ រាជកុលនិងភរិយាគាត់ពង្រត់គ្នាទៅ គាត់តាមទៅដល់មាត់សមុទ្រ បានឃើញសំពៅឃ្លាតឆ្ងាយទៅដល់កណ្ដាលសមុទ្រទៅហើយ។ តាបសខឹងណាស់ក៏សេកមន្តវិជ្ជាហៅខ្យល់ព្យុះដើម្បីបំផ្លាញសំពៅ នៅកណ្ដាលសាគរ ។ ប៉ុន្តែដោយនាងរំសាយសក់ចេះមន្តវិជ្ជាដែរ ក៏ធ្វើឲ្យខ្យល់បក់ផាត់ខ្យល់កំណាចនោះផុតអស់ ។ តាបសឈឺចិត្តខ្លាំងពេក ក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ ។
អ្នកទាំងពីរដឹងហេតុដូច្នោះ ក៏នាំគ្នាត្រឡប់សំពៅមកកាន់រូងភ្នំប្រទឹកវិញ នៅរួមសុខទុក្ខជាមួយគ្នា ។
ខាងក្រោយមក ចៅរាជកុល ត្រឡប់មករកនាង រំសាយសក់ វិញ នាងប្រពន្ធដើមខឹងណាស់ ក៏ប្រើក្រពើនាងឈ្មោះ អាធន់ ឲ្យទៅឃាំងផ្លូវកុំឲ្យចៅរាជកុល ទៅវិញបាន ។ ឯនាង រំសាយសក់ លុះក្រឡេកឃើញសំពៅប្ដីទៀបលិច ក៏បន់ទេវតាដែលនៅរក្សាភ្នំប្រាសាទថា "សូមឲ្យតែជួយប្ដីខ្ញុំឲ្យរួចពីគ្រោះថ្នាក់ចុះ ខ្ញុំនឹងថ្វាយភ្នំនេះ" ។ ដោយអំណាចបំណន់នោះ នាងនឹងប្ដីក៏បានសុខសប្បាយ ហើយថ្វាយភ្នំនោះលាបំណន់ ។ តាំងពីនាងបន់នោះមក គេហៅភ្នំប្រាសាទនោះថា ភ្នំបំណន់ តែសព្វថ្ងៃ គេហៅក្លាយមកថា ភ្នំបាណន់ វិញ ។
រាល់ៗឆ្នាំ អ្នកស្រុកតែងធ្វើពិធីបូជានៅភ្នំបាណន់នោះ, នាពេលចូលឆ្នាំថ្មី គេធ្វើខាងលើភ្នំ នូវពិធីទាំងឡាយ មានពិធីពូនភ្នំខ្សាច់ និងនិមន្តលោកឆាន់ជាដើម ហើយមានរបាំ មានប្រដាល់ និងមានចែកទានជាប្រាក់ ឬសំលៀកបំពាក់ដល់អ្នកស្រុកផង ។
នៅថ្ងៃទី១ ជាថ្ងៃចូលបុណ្យ គេតែងធ្វើពិធីបួងសួងសូមឲ្យទេវតាថ្មីជួយឲ្យអ្នកស្រុកបានសេចក្ដីសុខសប្បាយ ។ ពិធីបួងសួងនោះ ចួនកាលអ្នករាជការធ្វើ ចួនកាលអ្នកស្រុកធ្វើ ។ បើកាលណាគេភ្លេចធ្វើពិធីបួងសួងនឹងកើតជំងឺពេញទាំងភូមិ ។
ពិធីបួងសួងមាន ស្លាធម៌ បាយសី និងភ្លេងលេងបទបួងសួង ។
អ្នកស្រុកបានឲ្យការណ៍ថា កាលពីដើម តែកាលណាលេងភ្លេងបទបួងសួង គេមើលទៅក្នុងស្រះ តាសែន ដែលនៅជិតជើងភ្នំ បាណន់ នោះ ឃើញក្រពើងើបជាច្រើន ។ ស្រះនោះពីដើមជ្រៅតែឥឡូវរាក់ទេ ហើយនៅពេលបួងសួងមិនឃើញក្រពើងើបឡើយ ។
ប្រភពៈ ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៤៣ - ១៤៧ ។ ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៥/០៤១ រៀបរៀងដោយ អ្នកស្រី អ៊ុច-ស៊ុន កាលនៅជាលេខាធិការ នៃពុទ្ធសាសនបណ្ឌិត្យ។