១. កម្ពុជា
ក. ទីតាំង
ប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែស្របទី
១០និងទី ១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី១០៨នៃរយៈបណ្តោយ
ខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោលខាងជើងដែលជាតំបន់មាន ជីជាតិហើយមាន អំ ណោយផលដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃហើយ មួយ ភាគធំជាប់នឹងប្រទេសឡាវខាងកើតនិងខាងត្បូងមួយភាគជាប់នឹងប្រទេសវៀតណាម ខាងត្បូង មួយភាគទៀតជាប់នឹងឈូងសមុទ្រថៃខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់ នឹងប្រទេសថៃ ។
ខ. ផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។
គ. ប្រជាជន ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួក
អូស្ត្រា លីអ៊ីដនិងពួកមេឡានេស៊ី សម្បុរខ្មៅ បានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ. មុនគ.ស
ម៉្លេះ ។បន្ទាប់មក មានពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជន
ចាស់ បង្កបង្កើតឡើងជាជនជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញជា អ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នកផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់ស្រុក
ដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហាទាំងនេះ
។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗបានមករស់នៅជាបន្តបន្ទាប់ ដូចជាជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេ ឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹកដីកម្ពុជា។ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជនជាតិខ្មែរប្រហែលជា ៥ ភាគ ៦។
ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន
-ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅដាច់
ស្រយាល ពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។ -ពួកចំណូលស្រុក ឬខ្មែរចូលជាតិ ជាប្រជាជនដែលមករស់នៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយ មានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវវៀតណាម និងភូមា។
២. តើខ្មែរជានរណា?
ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយបញ្ហាកំណើត ខ្មែរនេះ ។ ពួកគេបានបញ្ចេញយោបល់ប្លែកៗគ្នា ហើយជួនកាលផ្ទុយស្រឡះតែម្តង ។ ប៉ុន្តែ យោបល់ទាំងនោះអាចចែកជាពីរក្រុមគឺៈ
ក- យោបល់ទី១
ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេសឥណ្ឌាហើយបានលុក លុយដណ្តើមយកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិក្នុងអំបូរម៉ាឡាយូ ប៉ូលីនេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះត្រូវបានបង្កើតឡើងដោយ
លោ Hendrike Kerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវខ្លះយល់ស្របតាមដូចជាលោក Adhémard Leciére និងលោក Pierre Gourou ជាដើម។ លោក Pierre Gourouបានបញ្ជាក់ថាជន ជាតិខ្មែរប្រហែលជាត្រូវពួក ទ្រាវិឌ ឬពួកអារ្យច្រានចេញ ពីឥណ្ឌា ហើយដោយមាន សេស សល់ក្រុមខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀមនិងប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថា ក្រុម មន-ខ្មែរ មណ្ឌុ មានតាំងពីដើមនៅជើងភ្នំទីបេត៍ហើយ ក្រោយមកបានបំបែកជាពីរក្រុមគឺ មន-ខ្មែរ ចូលមកតាំង នៅភូមិភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុម ទៀតគឺមណ្ឌុ ចូលទៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។
ខ-យោបល់ទី២
ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានកើតឡើងនៅ ភូមិភាគអាស៊ីអាគ្នេយ៍នេះ តាំងពីបុរាណមក ។ នេះគឺជាយោបល់របស់លោក Bernard Philiffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។លោកទាំងពីរនេះបានយល់ឃើញថា ក្នុងសម័យឌុណូប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយមានមនុស្សជាច្រើនក្រុមបានធ្វើ ដំណើរពីខាងជើងចុះមកភាគអាស៊ីអាគ្នេយ៍ដូចពួកអូស្ត្រាឡូអ៊ីដ (Autraloïdes)មេឡានេស៊ីយាង (Mélanésiens) ។អំបូរមនខ្មែរបានកើតឡើងដោយការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាង ហើយបានរស់នៅរាយ ប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ ព្រំប្រទល់ប្រទេសឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈ ស្រប ទៅនឹងទស្សនៈរបស់ខ្មែរពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរដោយសារតែមាននាង នាគនៅស្រុកខ្មែរនេះឯងទើបព្រះថោងដែលគេថាមកពីស្រុកឥណ្ឌាបានជួបប្រភពគ្នាហើយបាន គ្រប់គ្រងស្រុកគោកធ្លកនេះឯង ។ បានសេចក្តីថា លុះត្រាតែមានជនជាតិខ្មែនៅលើកោះគោក
ធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ ។ សេចក្តីក្នុងរឿង ព្រេងនេះសរឲ្យឃើញថា ចំពោះខ្មែរយើង ជាតិខ្មែរមានប្រភពនៅស្រុកខ្មែរនេះឯង ។ ចំពោះ បញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះ អ្នកប្រាជ្ញអន្តរជាតិបានបញ្ចេញសម្មតិកម្មច្រើនបែប យ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នាត្រង់ចំណុចដែលថាខ្មែរជាជនជាតិ មួយស្ថិត នៅក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរ ឬខមនេះឯង។ថ្មីៗនេះលោកបណ្ឌិត មីសែល ត្រាណេ លោកជាអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្របជាមួយមតិទី២ គឺលោកបាន បញ្ជាក់ថា ខ្មែរមានជីវិតលើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុនគ.ស មកដល់ សតវត្សទី១ នៃគ.ស ។ សម័យនេះ ជាសម័យថ្មគ្រួសបំបែក ដែលមានអាយុ ៦៨០.០០០ ដល់ឆ្នាំ១២០.០០០ ឆ្នាំមុនគ.ស។ យុគនេះអាចជាការចាប់ផ្តើមនៃអរិយធម៌ខ្មែរហើយការចងក្រងទំព័រប្រវត្តិសាស្រ្ត កម្ពុជា ត្រូវស្ថិត នៅលើសម្ភារៈវប្បធម៌កម្ពុជាដំបូងបង្អស់ ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ ដូច បានបញ្ជាក់ ជូន ខាងលើក៏អាចបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវវិភាគបានពីប្រភពព្រះពុទ្ធសាសនា នៅកម្ពុជាដែរ ។
៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា
ដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថា ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទសឥណ្ឌា ហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រទេសនានានៅលើពិភពលោកជាពិសេសនៅលើបណ្តា ប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ប្រទេសកម្ពុជាយើងព្រះពុទ្ធសាសនាបាន ចូលមកតាំងពីយូរអង្វែងណាស់មកហើយហើយមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពល យ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងនៃចិត្តគំនិតទំនៀមទម្លាប់ប្រពៃណីសិល្បៈវប្បធម៌នៃមនុស្សខ្មែរ យើង ។ចំពោះកាលបរិច្ឆេទនៃការចូលមកដល់ ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែល អ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងតែចោទសួរថា តើ ព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពីពេលណា?បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃ លទ្ធិពុទ្ធសាសនានេះ យើងគួរសិក្សាឲ្យបានដឹងច្បាស់ព្រោះបញ្ហានេះវាបានឆ្លុះបញ្ចាំងទៅលើការ រីកចំរើនរបៀបរបបការរស់នៅនិងនិន្នាការរបស់សង្គមខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ត របស់ខ្លួនរយៈកាលកន្លងមក។បញ្ហានេះអ្នកសិក្សាជាច្រើនបានស្រាវជ្រាវឃើញ កាលបរិច្ឆេទខុស ៗគ្នាៈ មានអ្នកសិក្សាខ្លះបកស្រាយថាព្រះពុទ្ធសាសនាបានចូលមកដល់ ប្រទេសកម្ពុជា យើងតាំង ពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិសាស្រ្តនៃព្រះ បាទធម្មាសោកនៃប្រទេស ឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូប គោរពព្រះពុទ្ធ សាសនាថេរវាទ បានឧបត្ថម្ភ ការបញ្ជូនសមណទូតពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរ មកផ្សព្វ ផ្សាយព្រះពុទ្ធសាសនានៅលើដែន ដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះមហាសុមេធាធិបតី ហួត តាត វិជិរប្បញ្ញោព្រះសង្ឃនាយក គណៈមហានិកាយ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គស្តីពី « ព្រះពុទ្ធសាសនានៅ កម្ពុជាសង្ខេប » បោះ ពុម្ពលើកទី២នៅគ.ស. ១៩៧០ ទំព័រទី ១ ថា «ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជា ជាមុនដំបូង តាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកា អដ្ឋកថា វិន័យបិដកជាភាសាបាលី បានប្រាប់ពត៌មានថា កាលក្រោយដែលធ្វើតតិយ-សង្គាយ នារួចហើយនៅក្នុងជម្ពូទ្វីប គឺក្នុងប្រទេសឥណ្ឌាក្នុងព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គ នាម ព្រះមោគ្គលិបុត្តតិស្សៈបានចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះ សោណត្ថេរនិងព្រះឧត្តរត្ថេរ ចេញពីជម្ពូទ្វីប(ឥណ្ឌា) មកផ្សាយព្រះពុទ្ធសាសនា នៅសុវណ្ណភូមិ ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រនាមធម្មាសោក»។អ្នកសិក្សាខ្លះទៀតបានរកឃើញព្រះពុទ្ធ សាសនាចូលមកដល់ប្រទសខ្មែរយើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បានសរសេរ នៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា «តាមសិលាចារឹក វ៉ូកាញ់ (នៅវៀតណាម ខាងត្បូង) ទំនងជាព្រះពុទ្ធសាសនាចូលមកប្រតិស្ថានក្នុងស្រុកខ្មែរ នៅ
ស.វ.ទី២នៃគ.ស.ក្នុងរជ្ជកាលព្រះបាទស្រីមារៈឬហ្វានចេម៉ាន់។ទស្សនៈបែបនេះគេបានពន្យល់ថា ព្រះពុទ្ធសាសនាមានកំណើតក្រោយព្រហ្មញ្ញសាសនាប្រហែលនឹងអាចចូលមកដល់ប្រទេស កម្ពុជាក្រោយការចូលមកដល់នៃលទ្ធិព្រាហ្មណ៍សាសនា ។- មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធ សាសនានិងព្រហ្មញ្ញសាសនាបានចូលមកដល់ប្រទេស កម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រ ហែលគ្នា ឬក៏មុនក្រោយបន្តិចបន្តួចប៉ុណ្ណោះ ។ គេបាន ពន្យល់ថា បញ្ហានេះគ្មានឯកសារណាមួយ បញ្ជាក់ឲ្យបានច្បាស់លាស់ទេ ព្រោះគេហាក់ដូចជា ពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សា ឯទៀតដែលយល់ថាសាសនានេះឬសាសនា នោះមកដល់មុននោះឡើយ ។ យោប់ស្តីពីវត្តមាន នៃការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនា មាន ច្រើនដូចខាងលើដែលយើងពិបាកនឹង កំណត់ឲ្យបាន ច្បាស់លាស់ណាស់ ។ ប៉ុន្តែ ពិនិត្យជារួម ទោះបីយ៉ាងណាក៏ដោយក៏យោបល់មតិទាំងអស់នោះជា ពន្លឺនៃការសិក្សារបស់យើង ។ យើង ពិនិត្យឃើញថាយោបល់ទាំងអស់ហាក់ដូចជាមាន ការឯកភាព គ្នាមួយនៅត្រង់ព្រះពុទ្ធសាសនា ក៏ដូចជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មកហើយ ។ ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សា ស្រាវ ជ្រាវគួរតែ ត្រិះរិះពិចារណារកហេតុ ផលឲ្យមានលក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។យើងគួរលើកយក ពីប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកដែលឲ្យពត៌មានថា«ព្រះពុទ្ធសាសនាបាន ផ្សព្វផ្សាយចូល មកដល់ដែនដីសុវណ្ណភូមិនៅស.វ.ទី៣ឬទី២មុនគ.ស.»យកមកត្រិះរិះពិចារណា ដើម្បីកំណាត់ កាលបរិច្ឆេទនៃការចូលមកដល់របស់លទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទ នោះ គឺ ដែនសុវណ្ណភូមិជាដែនដីរបស់ប្រទេសណា? ប្រទេសខ្មែរយើងឬជា ប្រទេសណា ទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបានគេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗសុទ្ធតែអះអាងថាដែនដី សុវណ្ណភូមិ ជាដែនដីរបស់ខ្លួនម្នាក់ៗ ។ ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជា ដែនដីឥណ្ឌូនេស៊ី ខ្លះថាម៉ាឡេស៊ី ខ្លះថាកម្ពុជា ខ្លះថាថៃ ខ្លះថាចាម ខ្លះថាវៀតណាម…។
យោបល់ដោយឡែកៗខាងលើរបស់ជនជាតិនីមួយៗ សុទ្ធតែមានការអះអាង ព្រមទាំងប្រកាន់ យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់ត្រឹមនេះ យើងជាជនជាតិខ្មែរក៏ពុំទាន់ហ៊ានអះ អាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ ។ តែយើងត្រូវចោទសួរបន្តទៀតតើបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល និងគោរពព្រះពុទ្ធសាសនាមាន ចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើការជាក់ស្តែងឃើញថានៅ អាស៊ីអាគ្នេយ៍នេះ ប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់ជាងគេ គឺមានតែប្រទេស កម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញថាមានប្រទេស មួយចំនួន គេគោ រពព្រះពុទ្ធសាសនាដូចយើងដែរ តែគេគោរពនោះស្ថិតនៅក្នុងដំណាក់កាលក្រោយយើង ។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃ ចាប់ពី ស.វ.ទី ១ រហូតមកដល់ដើម ស.វ.ទី ៩ ក្នុងពេលដែល ប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យនិងមានវប្បធម៌រឹងមាំរួចទៅហើយនោះប្រទេស នេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធ ឬជាជនជាតិភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាពនៅក្នុង ខេត្តយូណាន់នៃប្រទេសចិន ពោលគឺមិនទាន់កើតជារដ្ឋនៅឡើយទេ។ លុះមកដល់ស.វ.ទី៩ ទើប ជន ជាតិនេះបានជ្រៀតចូលមកក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាម ធ្វើដំណើរពីជើងចុះ មក រកទិសត្បូង ដោយដណ្តើមទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ…រួចកសាងរដ្ឋឯករាជ្យ របស់ខ្លួនមួយនៅស.វទី១៣។ ដូចនេះជនជាតិ ថៃពុំ បានទទួលព្រះពុទ្ធសាសនាដោយផ្ទាល់ពីជន ជាតិឥណ្ឌាដូចជាជនជាតិខ្មែរយើងទេ ។ ព្រះ ពុទ្ធសាសនានៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ត្រូវបាននាំបញ្ចូលពីប្រទេស កម្ពុជា ឬ ជាសាសនាដែលបានចាក់ឫសនៅលើទឹក ដីនោះតាំងពីយូរ ពោលគឺ តាំងពីទឹកដីនោះជាទឹក ដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ ។ ចំពោះជនជាតិ វៀតណាម ក្នុងដំណាក់ កាលពីស.វ.ទី១ ដល់ស.វ.ទី៩ ពុំទាន់រំដោះខ្លួនចេញពីអាណានិគមចិន នៅ ឡើយដែរ ។ លុះមកដល់ស.វ.ទី១០ទើបជនជាតិនេះរំដោះខ្លួនចេញពីអាណារួច កសាងប្រទេស របស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិវៀតណាម គោរពនាពេលសព្វថ្ងៃនេះ ជា សាសនា ដែលហូរចូលមកពីប្រទេសចិន តាំងពីនៅក្រោមអាណានិគមចិនម៉្លេះ ។ ចំណែកប្រទេស ដទៃទៀតដែលនៅក្នុងដំបន់នេះមានប្រទេសខ្លះគោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុង ដំណាក់ កាលក្រោយ ឬគេពុំគោរពព្រះពុទ្ធសាសនាតែម្តង ដោយគោរពសាសនាដទៃទៀត។ បើសរុបមក ឃើញថា ប្រទេសកម្ពុជាយើងជាប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួលនិងគោ រពព្រះពុទ្ធសាសនាមុតមាំជាងគេ ដែលសក្តិសមជាដែនដីសុវណ្ណភូមិ ដែលទទួលការ ផ្សព្វផ្សាយ ព្រះពុទ្ធសាសនាដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាម សោណត្ថេរនិងឧត្តរត្ថេរ ក្រោមព្រះ រាជូបត្ថម្ភនៃព្រះបាទធម្មាសោក នាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់ ។